អត្តសញ្ញាណអាជីវកម្មគឺជា ធាតុសំខាន់មួយដែលជួយជម្រុញភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក វាបានបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅរបស់អាជីវកម្ម ដែលជាផ្នែកសំខាន់មួយនៃការសម្រេចចិត្តរបស់អតិថិជន។ ខាងក្រោមនេះគឺជាសារៈសំខាន់ទាំង៥នៃអត្តសញ្ញាណអាជីវកម្មចំពោះក្រុមហ៊ុនអ្នក។
១. បង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួនរបស់អាជីវកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនបានស្គាល់ និងបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ប៉ុន្តែតើអ្នកដឹងទេ? អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ពុម្ភអក្សរ ពណ៌ និមិត្តសញ្ញា ឬឡូហ្គោ ក៏ជាធាតុខាន់ ដែលធ្វើឱ្យអ្នកមានលក្ខណៈប្លែកពីគេ និងងាយស្រួលក្នុងការចងចាំ។
រូបភាពពី Kbeung Studio
២. បង្កើនទំនុកចិត្ត
ការរចនាអត្តសញ្ញាណអាជីវកម្មដែលល្អ នឹងធ្វើឱ្យក្រុមហ៊ុនអ្នកមើលទៅមានលក្ខណៈលេចធ្លោជាងដៃគូប្រគួតប្រជែង និងបង្ហាញពីភាពច្បាស់លាស់នៃក្រុមហ៊ុន ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ដូចជា មនុស្សភាគច្រើនទិញសៀវភៅគឺដោយសារតែគម្របសៀវភៅមានភាពទាក់ទាញ និងមើលទៅមានលក្ខណៈគួរឱ្យទុកចិត្ត។
រូបភាពពី Kbeung Studio
៣. ងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មថ្មី
វាមិនមែនជារឿងចម្លែកទេដែលអាជីវកម្មនីមួយៗចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើមានអតិថិជនប៉ុន្មានអ្នកដែលទុកចិត្ត និងហ៊ានប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ អតិថិជនភាគច្រើនហ៊ានសាកល្បងប្រើផលិតផលថ្មីគឺដោយសារម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងផលិតផលដែលគេធ្លាប់បានប្រើ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែទទួលបានជោគជ័យ នៅពេលដែលគេបង្កើតទូរសព្ទស៊េរីថ្មីបើទោះបីជាមានតម្លៃថ្លៃក៏ដោយ នេះសាតែអ្នកប្រើប្រាស់មានការទុកចិត្តទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Apple និងចង់បង្ហាញពីភាពទំនើបរបស់ខ្លួនដោយការប្រើប្រាស់ម៉ាកទូរសព្ទដែលល្បីនេះឯង។
រូបភាពពី Kbeung Studio
៤. ជួយអ្នកក្នុងការទាក់ទាញអតិថិជនគោលដៅ
ការបង្កើតអត្តសញ្ញាណអាជីវកម្មគឺទាមទារឱ្យយើងស្គាល់ច្បាស់អំពីអតិថិជនគោលដៅដើម្បីធ្វើយ៉ាងណាឱ្យត្រូវទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។ ឧទាហរណ៍៖ អាជីវកម្មរដែលលក់សម្លៀកបំពាក់នារីភាគច្រើនមាន ពណ៌ផ្កាឈូក និងនិមិត្តសញ្ញាជារូបតុក្កតា ឬ ផ្កាដែលសុទ្ធសឹងជាពណ៌ និងនិមិត្តសញ្ញាដែលមនុស្សស្រីភាគច្រើនចូលចិត្ត។ ការបង្កើតអត្តសញ្ញាណអាជីវកម្មដែលសក្តិសមជាមួយអតិថិជនគោលដៅក៏ជាផ្នែកសំខាន់មួយដែលធ្វើឱ្យអតិថិជន មានការចាប់អារម្មណ៍ និងប្រើប្រាស់ផលិតផលអ្នកផងដែរ។
រូបភាពពី Kbeung Studio
៥. ជួយជម្រុញភាពជោគជ័យរបស់អាជីវកម្មដែលទើបតែចាប់ផ្តើម
អាជីវកម្មដែលបង្កើតថ្មីចាំបាច់បំផុតក្នុងការធ្វើឱ្យអតិថិជនស្គាល់ពីខ្លួនឯង នេះគឺជាដំណាក់កាលសំខាន់នៅមុនពេលដែលអតិថិជនសម្រេចចិត្តទិញផលិផលរបស់អ្នកយកទៅប្រើប្រាស់។ អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ឡូហ្គោ សំបកផលិតផល ពណ៌ ឬរូបភាពផ្សេងៗគឺជាធាតុចម្បង ដែលគេតែងតែប្រើប្រាស់សម្រាប់បង្ហាញឱ្យអតិថិជនបានស្គាល់ពីផលិតផល ឬសេវាកម្មរបស់អាជីវកម្ម។
រូបភាពពី Kbeung Studio