មនុស្សភាគច្រើនអាចនឹងគិតថាកាបង្កើតឡូហ្គោគឺជារឿងដែលសាមញ្ញ និងងាយស្រួល ប៉ុន្តែធាតុពិតនៅពីក្រោយការបង្កើតឡូហ្គោគឺទាមទារឱ្យអ្នកធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីចំណុចជាច្រើន ដើម្បីអាចបង្កើតបានឡូហ្គោដែលសក្តិសមសម្រាប់អាជីវកម្មមួយ។ ខានក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរតែស្វែងយល់នៅមុនពេលចាប់ផ្តើមបង្កើតឡូហ្គោ។
១.កំណត់ពីគោលបំណងនៃឡូហ្គោ
ជាការពិតណាស់ ការធ្វើអ្វីមួយសុទ្ធតែមានគោលបំណង ហើយការបង្កើតឡូហ្គោក៏ដូចគ្នា អ្នកត្រូវកំណត់ឱ្យបានច្បាស់ពីគោលបំណងដែលអ្នកបង្កើតឡូហ្គោនេះឡើង ដូចជា ចង់បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ចង់ឱ្យអតិថិជនងាយស្រួលចងចាំ និងចង់ឱ្យអាជីវកម្មរបស់អ្នកមានលក្ខណៈប្លែកពីគេជាដើម។ ការកំណត់ច្បាស់នៃគោលបំណង ក៏ដូចជាគោលដៅរបស់ឡូហ្គោធ្វើឱ្យយើងអាចស្រម៉ៃ និងបង្កើតបានឡូហ្គោមួយដែលសក្តិសមសម្រាប់អាជីវកម្ម ព្រមទាំងអាចប្រើប្រាស់បានទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
រូបភាពពី freepik.com
២. សិក្សាពីផ្នែកខាងក្នុងនៃក្រុមហ៊ុន
គោលបំណងសំខាន់នៃការបង្កើតឡូហ្គោ គឺចង់ឱ្យអតិថិជនងាយស្រួលចង់ចាំ និងស្គាល់ម៉ាក់យីហោរបស់ខ្លួន ដូចនេះការធ្វើឡូហ្គោទាមទារឱ្យអ្នកដឹងច្បាស់អំពីអាជីវកម្មរបស់អ្នកដើម្បីអាចបង្កើតបានឡូហ្គោមួយដែលប្លែកពីគេ និងសក្តិសមសម្រាប់ក្រុមហ៊ុនអ្នក។ មុនពេលចាប់ផ្តើមធ្វើឡូហ្គោអ្នកគួរតែសួរសំណួរដូចជា តើអ្វីជាចំណុចស្នូលនៃក្រុមហ៊ុនអ្នក? តើចំណុចពិសេសអ្វី ដែលអ្នកមានខុសពីអ្នកដ៏ទៃ? (ឈ្មោះ ពាក្យស្លោក ប្រវត្តិក្រុមហ៊ុន…)។
រូបភាពពី freepik.com
៣. សិក្សាពីដៃគូប្រគួតប្រជែង
អ្នកត្រូវដឹងថាអាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មដូចអ្នកគឺមានច្រើននៅលើទីផ្សារ ដូចនេះការសិក្សាពីដៃគូប្រគួតប្រជែង នឹងធ្វើឱ្យអ្នកដឹងពីអ្វីដែលគេមានរួចហើយ អ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ហើអ្នកក៏អាចរៀនបន្ថែមពីពួកគេផងដែរ។ ការសិក្សាពីដៃគូប្រគួតប្រជែងនឹងធ្វើឱ្យអ្នកប្រាកដថាឡូហ្គោរបស់អ្នកមិនមានលក្ខណៈដូច ឬស្រដៀងអ្នកដ៏ទៃ។
រូបភាពពី freepik.com
៤. ការបំផុសគំនិត និងបង្កើត Style ផ្ទាល់ខ្លួន
បន្ទាប់ពីកំណត់បានពីគោលបំណង ការសិក្សាពីផ្នែកខាងក្នុងក្រុមហ៊ុន និងដៃគូប្រគួតប្រជែង អ្នកអាចកំណត់អំពីអ្វីដែលឡូហ្គោរបស់អ្នកគួរតែមាន នៅដំណាក់កាលនេះអ្នកអាចបង្កើតលក្ខណៈពិសេសផ្ទាល់ខ្លួនដែលមានដូចជា ពណ៌ រូបរាងរបស់ឡូហ្គោ និងប្រភេទនៃឡូហ្គោជាដើម។
រូបភាពពី freepik.com
៥. ការវាយតម្លៃ និងសាកល្បងឡូហ្គោ
បន្ទាប់ពីបង្កើតបានឡូហ្គោ ដំណាក់កាលបន្ទាប់គឺការបង្ហាញឡូហ្គោអ្នកទៅកាន់មនុស្សផ្សេងទៀត ឬអតិថិជនរបស់អ្នកដើម្បីឱ្យពួកគាត់ជួយវាយតម្លៃពីគុណភាពនៃឡូហ្គោ និងជួយគ្នាស្វែងរកចំណុចដែលគួរតែកែតម្រូវដើម្បីឱ្យឡូហ្គោកាន់តែមានភាពល្អប្រសើរថែមទៀត។
រូបភាពពី freepik.com