នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃ Brand Identity ចំពោះអាជីវកម្ម។ ថ្ងៃនេះយើងនឹងមកស្វែងយល់បន្ថែមទៀតអំពីធាតុសំខាន់ៗដែលបង្កើតបានជា អត្តសញ្ញាណអាជីវកម្មមួយដែលមានលក្ខណៈពេញលេញ។
១. ឡូហ្គោ
នៅពេលដែលគេនឹកឃើញដល់អត្តសញ្ញាណអាជីវកម្ម អ្វីដែលគេមិនភ្លេចនោះគឺ ឡូហ្គោ ពីព្រោះវាជា ធាតុសំខាន់ជាងគេនៅក្នុងអត្តសញ្ញាណអាជីវកម្មដែលធ្វើឱ្យអតិថិជនចងចាំ និងស្គាល់អំពីក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនតែប៉ុណ្ណោះឡូហ្គោបានជួយឱ្យអាជីវកម្មមានភាពខុសប្លែកពីគេផងដែរ។ ឡូហ្គោមានច្រើនប្រភេទដូចជា ឡូហ្គោអក្សរកាត់ ឡូហ្គោអក្សរពេញ ឡូហ្គោជារូបភាព ឬរូបសញ្ញា ឡូហ្គោបែបរួមបញ្ចូលគ្នា និងឡូហ្គោទម្រង់អក្សរជាដើម ដែលវាអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុន និងការចង់បានរបស់ម្ចាស់អាជីវកម្ម។
២. ពណ៌
ពណ៌នៅក្នុងអត្តសញ្ញាណអាជីវកម្មមានសារៈសំខាន់ណាស់ដែលវាត្រូវបានគេប្រើប្រាស់នៅក្នុងឡូហ្គោ រូបភាព ផ្ទាំងផ្សព្វផ្សាយ ឯកសណ្ឋាណ និងសំបកផលិតផលជាដើម។ អាជីវកម្មត្រូវការមានពណ៌ដំណាងច្បាស់លាស់ដើម្បីបង្ហាញពីភាពផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនងាយស្រួលចងចាំ។ ទោះជាយ៉ាងណាយើងក៏មិនអាចប្រើប្រាស់ពណ៌តែមួយសម្រាប់ការរចនាគ្រប់ប្រភេទបានដែរ ដូចនេះគេត្រូវការពណ៌ផ្សេងទៀតដើម្បីជាជំនួយ ជាទូទៅពណ៌នៃអត្តសញ្ញាណអាជីវកម្មមាន៣ប្រភេទសំខាន់គឺ ពណ៌ដំបូង ពណ៌ទីពីរ និង ពណ៌ខ្មៅ/ពណ៌ស។
ឧទាហរណ៍៖ ក្រុមហ៊ុន Cocacola បានជ្រើសរើសយកពណ៌ក្រហមជាពណ៌ដំបូង និងពណ៌សជាពណ៌ទីពីរ ហើយពេលខ្លះក៏គេឃើញក្រុមហ៊ុនមួយនេះប្រើប្រាស់ពណ៌ខ្មៅ ដើម្បីធ្វើការរចនាផងដែរ។
៣. រូបភាព
អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីប្រភេទរូបភាពដែលអ្នកតែងតែប្រើសម្រាប់អាជីវកម្មរបស់អ្នក ដែលមានដូចជា ផ្ទាំងរូបភាពសម្រាប់ផ្សព្វផ្សាយ និងការប្រើប្រាស់រូបភាពសម្រាប់រចនាសំបកផលិតផលជាដើម។ រូបភាពមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងជាមួយអតិថិជនគោលដៅ។
ឧទាហរណ៍ដូចជា ក្រុមហ៊ុន Nike តែងតែប្រើប្រាស់ប្រភេទរូបភាពបែបការលេងកីឡា នៅក្នុងផ្ទាំងរូបភាពផ្សព្វផ្សាយរបស់ខ្លួនដើម្បីឱ្យត្រូវទៅតាមផលិតផល និងអតិថិជនរគោលដៅផងដែរ។
៤. ពុម្ភអក្សរ
ពុម្ភអក្សរគឺជាធាតុមួយក្នុងចំណោមធាតុសំខាន់ៗរបស់អត្តសញ្ញាណអាជីវកម្ម ដោយអាជីវកម្មនីមួយៗគួរតែប្រើប្រាស់ពុម្ភអក្សរជាក់លាក់ជារបស់ខ្លួន ពីព្រោះវាក៏បានបង្ហាញពីបុគ្គលិកលក្ខណៈមួយរបស់អាជីវកម្មអ្នកផងដែរ។ ពុម្ភអក្សរត្រូវបានប្រើប្រាស់នៅក្នុងការរចនាផ្ទាំងផ្សព្វផ្សាយ គេហទំព័រ អុីម៉ែល និងការសរសេរឯកសារផ្សេងៗដែលទាក់ទងជាមួយក្រុមហ៊ុន។
ឧទាហរណ៍៖ ក្រុមហ៊ុន Grab បានរចនាពុម្ភអក្សរផ្ទាល់ខ្លួនមួយដែលមានលក្ខណៈខុសប្លែកពីគេ ដោយមានទម្រង់ឆ្នូតចំកណ្តាល ដើម្បីប្រើប្រាស់ក្នុងការរចនា និងការផ្សព្វផ្សាយរបស់ក្រុមហ៊ុន។
៥. រចនាបទ
រចនាបទនៅក្នុងអត្តសញ្ញាណអាជីវកម្ម គឺសំដៅទៅលើទម្រង់បែបបទដែលអ្នកប្រើប្រាស់នៅក្នុងការរចនា សម្រាប់អាជីវកម្មរបស់អ្នកដែលមានដូចជា ផ្ទាំងផ្សព្វផ្សាយ ការវេចខ្ចប់ គេហទំព័រ នាមប័ណ្ណ និងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម ដែលធ្វើយ៉ាងណាឱ្យសក្តិសមទៅនឹងបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនអ្នក។
ឧទាហរណ៍៖ ក្រុមហ៊ុន Coca Cola តែងតែប្រើប្រាស់សញ្ញាខ្សែរបូនៅភ្ចាប់ជាមួយការចនាផ្សេងៗ នៃផលិតផលខ្លួន។
៦. ពាក្យស្លោក
ពាក្យស្លោកនៅក្នុងអត្តសញ្ញាណអាជីវកម្មគឺសំដៅទៅលើពាក្យពេច ឬឃ្លាសង្ខេបខ្លីមួយដែត្រូវបានប្រើប្រាស់សម្រាប់បញ្ញាក់ពីគុណតម្លៃនៃផលិតផលនិងអ្វីដែលអតិថិជនទទួលបាន។ ការប្រើប្រាស់ពាក្យស្លោកនៅក្នុងអត្តសញ្ញាណអាជីវកម្មជួយបង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួននៃអាជីវកម្ម និងទាក់ទាញចំណាប់អារម្មពីអតិថិជន។
ឧទាហរណ៍៖ ពាក្យស្លោកនៃ KFC “It’s Finger Lickin’ Good”, Apple “Think Different”, Coca-Cola “Open Happiness”, Nike “Just Do it”…។