ឡូហ្គោ គឺជារូបភាព ឬនិមិត្តសញ្ញាដែលតំណាងឱ្យអាជីវកម្មរបស់អ្នក ឡូហ្គោមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន ធ្វើឱ្យអតិថិជនងាស្រួលចងចាំ និងបង្ហាញលក្ខណៈប្លែកពីគេរបស់ក្រុមហ៊ុនអ្នកផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទសំខាន់ៗទាំង៨របស់ឡូហ្គោ ដែលអាចជួយអ្នកឱ្យជ្រើសរើសឡូហ្គោបានត្រឹមត្រូវ និងសក្តិសមសម្រាប់អាជីវកម្មរបស់អ្នក។
១. ឡូហ្គោអក្សរកាត់ (Monogram or Lettermarks)
ឡូហ្គោអក្សរកាត់ គឺជាឡូហ្គោដែលប្រើប្រាស់អក្សរមួយចំនួននៃឈ្មោះពេញរបស់ក្រុមហ៊ុន ដែលភាគច្រើនគេប្រើសម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលមានឈ្មោះវែងដូចជា IBM ( International Business Machines), ESPN (Entertainment and Sports Programming Network) និង RCA (Radio Corporation of America) ជាដើម។
រូបភាពពី Kbeung Studio
២. ឡូហ្គោអក្សរពេញ (Wordmark)
ឡូហ្គោអក្សរពេញ ឬ Wordmark គឺជាឡូហ្គោដែលយកឈ្មោះពេញរបស់ក្រុមហ៊ុន ឬស្ថាប័នមករចនា ឬជ្រើសរើពុម្ភអក្សរដែស្រស់ស្អាត និងប្លែកពីគេ Wordmark ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ ក្រុមហ៊ុន ដែលមានឈ្មោះខ្លីដូចជា Cocacola, Google, Sony…។
រូបភាពពី Kbeung Studio
៣. ឡូហ្គោរូបសញ្ញា ឬនិមិត្តសញ្ញា (Pictorial marks or symbols)
ឡូហ្គោប្រភេទនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ រូបតំណាង (Icon) ឬរូបភាព (Image) ផ្សេងៗដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនដូចជា ឈ្មោះ ផលិតផល ឬសេវាកម្ម និងប្រវត្តិនៃក្រុមហ៊ុនជាដើម។ ទាំងនេះគឺជា ឧទាហរណ៍នៃក្រុមហ៊ុនចំនួនដែលប្រើប្រាស់ប្រភេទឡូហ្គោ និមិត្តសញ្ញា ឬរូបភាព៖ Apple, Twitter, Food Panda…។
រូបភាពពី Kbeung Studio
៤. ឡូហ្គោបែបរួមបញ្ចូលគ្នា (Combination mark)
Combination mark គឺជាឡូហ្គោដែលប្រើប្រាស់ទាំងអក្សរពេញ ឬអក្សរកាត់ និងរូបភាពលាយបញ្ចូលគ្នា។ អក្សរ និងរូបភាពទាំងនោះ នឹងជួយឱ្យអតិថិជនដឹងកាន់តែច្បាស់អំពីអ្វីដែលក្រុមហ៊ុនអ្នកមាន ហើយវាក៏ធ្វើឱ្យឡូហ្គោរបស់អ្នកកាន់តែមានភាពប្លែកពីគេផងដែរ។ ក្រុមហ៊ុនដែលប្រើប្រាស់ប្រភេទឡូហ្គោចម្រុះមានដូចជា alibaba, adidas និង Amazon ជាដើម។
រូបភាពពី Kbeung Studio
៥. ឡូហ្គោទម្រង់អក្សរ (Letterforms Logo)
Letterforms Logo គឺជាឡូហ្គោដែលគេប្រើអក្សរតែមួយគត់នៃឈ្មោះរបស់ក្រុមហ៊ុន ហើយក៏ជាអក្សរដំបូងផងដែរ យកមករចនាធ្វើជានិមិត្តសញ្ញារបស់ឡូហ្គោ។ ទាំងនេះគឺជាឧទាហរណ៍ខ្លះៗនៃក្រុមហ៊ុនដែលជ្រើសរើសឡូហ្គោប្រភេទ Letterforms: Facebook, Unilever, McDonald’s…។
រូបភាពពី Kbeung Studio
៦. ឡូហ្គោនិមិត្ត ឬតំណាង (Abstract Logo)
Abstract ឡូហ្គោ គឺជាប្រភេទឡូហ្គោដែលពិបាកក្នុងការយល់ ពីព្រោះវាត្រូវបានបង្កើតឡើងដោយរូបភាពថ្មី និងមិនធ្លាប់បានឃើញពីមុន ដូចនេះយើងមិនអាចមើលដឹងពីអត្ថន័យរបស់វាភ្លាមៗនោះទេ ដើម្បីដឹងពីអត្ថន័យនៃឡូហ្គោប្រភេទនេះលុះត្រាតែយើងធ្វើការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ថែម។ ក្រុមហ៊ុនដែលបានប្រើប្រាស់ Abstract ឡូហ្គោ មានដូចជា Pepsi, Meta, Nike…។
រូបភាពពី Kbeung Studio
៧. ឡូហ្គោបែបផ្លាកសញ្ញា (Emblem logo)
ឡូហ្គោប្រភេទនេះមានលក្ខណៈស្មុគស្មាញ និងសាំញ៊ាំ ពីព្រោះវាមានធាតុផ្សំជាច្រើនដូចជា អក្សរ រូបភាព និងមានស៊ុមព័ទ្ធជុំវិញទៀតផង ឡូហ្គោប្រភេទនេះមានលក្ខណៈប្រពៃណី និងបូរាណដែលភាគច្រើនគេប្រើចំពោះសាលារៀន អង្គការ ឬភ្នាក់ងាររដ្ឋាភិបាលជាដើម។ ក្រុមហ៊ុន ឬស្ថាប័នដែលប្រើប្រាស់ឡូហ្គោប្រភេទនេះមានដូចជា Harvard University, Starbuck, Manchester City…។
រូបភាពពី Kbeung Studio
៨. ឡូហ្គោបែបរូប (Mascots logo)
Mascots Logo គឺជាឡូហ្គោដែលប្រើប្រាស់រូបមនុស្ស សត្វ ឬតុក្កតាដែបង្ហាញពីភាពរីករាយ សុភមង្គល ឬអារម្មណ៍ផ្សេងៗ និងមានពណ៌ឆើតឆាយ។ Mascots ឡូហ្គោត្រូវបានបង្កើតឡើងដើម្បីឱ្យមានភាពទាក់ទង និងស្និតស្នាគ្នារវាងអាជីវកម្ម និងអតិថិជនតាមរយៈការបង្ហាញភាពរួសរាយ និងមនោសញ្ចេតនានៅក្នុងឡូហ្គោ។ ទាំងនេះជាក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់ប្រភេទ Mascots Logo: KFC, Michelin, Planter’s Mr…។
រូបភាពពី Kbeung Studio