ការធ្វើទីផ្សារគឺជាផ្នែកសំខាន់មួយនៃអាជីវកម្ម ដោយវាបានជួយអោយអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នក និងទាក់ទាញឱ្យពួកគាត់ទិញផលិតផល​ ឬសេវាកម្មនោះយកទៅប្រើប្រាស់។ ការធ្វើទីផ្សារដែលត្រឹមត្រូវទាមទារឱ្យមានការសិក្សារស្រាវជ្រាវអំពី អតិថិជន ការរចនាផលិតផល និងតម្រូវការទីផ្សារជាដើម។  

ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តនៃការធ្វើទីផ្សារទាំង៦ ឬអាចហៅបានថា យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ ដែលវានឹងជួយអ្នកក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព។ 

 

១. ផលិតផល (Product)

ផលិតផលគឺជា ធាតុចម្បងដែលធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកបង្កើតមកហើយ​គ្មានអ្នកប្រើប្រាស់នោះអាជីវកម្មអ្នកក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ដូចនេះនៅមុនពេលដែលអ្នកចង់បង្កើតផលិតផល ឬសេវាកម្មអ្វីមួយអ្នកត្រូវពិនិត្យមើលថាផលិតផលនោះពិតជាតម្រូវការពិតប្រាកដរបស់អតិថិជនមែន។ អ្នកត្រូវពិនិត្យមើលអំពីចំណុចខ្វះខាតដែលគួរតែកែលម្អផលិតផលនោះឱ្យបានកាន់តែប្រសើរ។ អ្នកក៏អាចសាកសួរមតិយោបល់ផ្ទាល់របស់អតិថិជន និង​យកមតិយោបល់ទាំងអស់នោះទៅអភិវឌ្ឍគុណភាពផលិតផលឱ្យកាន់តែល្អជាងមុន។

រូបភាពពី freepik.com

 

 

២. ការវេចខ្ចប់ (Packaging)

ការវេចខ្ចប់គឺសំដៅទៅលើការរចនាសំបកផលិតផលរបស់អ្នកឱ្យមានលក្ខណៈទាក់ទាញ ស្រស់ស្អាត និងសក្តិសមជាមួយផលិតផល។ ការវេចខ្ចប់ដែលស្រស់ស្អាត និងត្រូវតាមស្តង់ដារនឹងជួយអ្នកក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដោយហេតុថាអតិថិជនប្រើពេលមិនដល់មួយនាទីទេដើម្បីមើល និងសម្រេចចិត្តទៅលើការវេចខ្ចប់ ឬលក្ខណៈខាងក្រៅរបស់ផលិតផលអ្នក។ Packaging  មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាសម្បកផលិតផលនោះទេពោលគឺវារួមបញ្ចូលទាំងធាតុផ្សេងៗដែលមើលឃើញនៅក្នុងក្រុមហ៊ុនអ្នក មានដូចជា ការិយាល័យ ខិត្តប័ណ្ណ និងអ្វីផ្សេងទៀតដែលធ្វើឱ្យអតិថិជនមើលមកមានអារម្មណ៍ល្អជាមួយនឹងអាជីវកម្មអ្នក។

រូបភាពពី freepik.com

 

៣. តម្លៃ (Price)

នៅក្នុងចំណុចនេះអ្នកត្រូវប្រាកដថាតម្លៃផលិតផល ឬសេវាកម្មរបស់អ្នកគឺសក្តិសមសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន និងតម្រូវទៅតាមលទ្ធភាព និងសមត្ថភាពដែលអតិថិជនគោលដៅរបស់អ្នកអាចទទួលយកបាន ម្យ៉ាងវិញទៀតអ្នកគួតែពិនិត្យមើលតម្លៃឡើងវិញជារឿយៗ និងត្រូវដឹងថាពេលណាត្រូវលក់បញ្ចុះតម្លៃ ពេលណាត្រូវលក់តម្លៃថេរ និងពេលណាត្រូវតម្លើងថ្លៃ ទៅតាមស្ថានភាពទីផ្សារនាពេលច្ចុប្បន្ន។

រូបភាពពី freepik.com

 

៤.​ ទីតាំង (Place)

ការកំណត់ទីតាំងដែលត្រូវលក់ ឬផ្សព្វផ្សាយគឺពិតជារឿងសំខាន់សម្រាប់អាជីវកម្មនីមួយៗ នៅក្នុងចំណុចនេះអ្នកត្រូវដឹងថា តើផលិតផលរបស់អ្នកត្រូវយកទៅលក់នៅកន្លែងណា? តើកន្លែងណាដែលអតិថិជនគោលដៅរបស់អ្នករស់នៅ និងនិយមទៅទីនោះ? អ្នកអាចទៅជួបជាមួយអតិថិជនផ្ទាល់ ឬអាចលក់ និងផ្សព្វផ្សាយផលិតផលរបស់អ្នកនៅលើអុីនធើណេតដែលមានដូចជា បណ្តាញសង្គម គេហទំព័រ ឬកម្មវិធីទូរសព្ទផ្សេងៗដែលអតិថិជនរបស់អ្នកនិយមប្រើប្រាស់ផងដែរ។

រូបភាពពី freepik.com

 

៥. ការផ្សព្វផ្សាយ (Promotion)

ការផ្សព្វផ្សាយគឺជាវិធីសាស្រ្តទាំងឡាយណាដែលគេប្រើប្រាស់ដើម្បីបង្ហាញ និងប្រាប់អតិថិជនអំពីផលិតផល ឬសេវាកម្មដែលគេមាន ដើម្បីធ្វើយ៉ាងណាទាក់ទាញអតិថិជនឱ្យមកទិញផលិតផលទាំងនោះយកទៅប្រើប្រាស់។ អ្នកអាចបង្កើតជាអត្ថបទ ផ្ទាំងផ្សព្វផ្សាយ វីដេអូ ដោយបង្ហាញពីអត្ថប្រយោជន៍នៃផលិតផលរបស់អ្នក និងការផ្តល់ជូនផ្សេងៗទៀត ទាំងអស់នេះវាអាស្រ័យទៅលើយុទ្ធសាស្រ្តដែលអ្នកចង់ប្រើប្រាស់ ការផ្សព្វផ្សាយគឺត្រូវធ្វើយ៉ាងណាឱ្យសក្តិសមជាមួយផលិតផល និងប្រភេទនៃអតិថិជនរបស់អ្នកផងដែរ។​

រូបភាពពី freepik.com

 

៦. មនុស្ស (People)

នៅពេលអ្នកបានកំណត់យុទ្ធសាស្រ្តសម្រាប់ធ្វើទីផ្សាររួចរាល់ហើយ ជំហ៊ានបន្ទាប់គឺការរកមនុស្សដែលសក្តិសមសម្រាប់ធ្វើការទៅលើយុទ្ធសាស្ត្រទាំងនោះ​ អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីទួនាទី និងការទទួលខុសត្រូវដែលពួកគេត្រូវធ្វើ និងត្រូវប្រាកដថាពួកគេបានយល់អំពីយុទ្ធសាស្រ្តទាំងនោះ។ ម៉្យាងវិញទៀតអ្នកគួតែជ្រើសរើសយកមនុស្សដែលមានការតាំងចិត្តខ្ពស់ និងស្រឡាញ់ចំពោះការងារនោះផងដែរ។ យ៉ាងណាមិញឥរិយាបទបុគ្គលិក និងរបៀបនៃការទំនាក់ទំនងជាមួយអតិថិជនគឺជា រឿងសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការផ្សព្វផ្សាយ។

រូបភាពពី freepik.com